ការការពារពីជំងឺឆ្កែឆ្កួត (បច្ចុប្បន្នភាពនៃជំងឺឆ្កែឆ្កួត នៅក្នុងប្រទេសកម្ពុជា)

Read this article on rabies prevention in English.

នៅក្នុងអត្ថបទពីមុនមួយរបស់ ARC ដែលស្តីអំពី “អ្វីទៅជាជំងឺឆ្កែឆ្កួត និងវិធីព្យាបាលវា” (What is Rabies & How to Treat it) អ្នកបានសិក្សារួចមកហើយថា ជំងឺឆ្កែឆ្កួតនៅតែជាបញ្ហាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រមួយនេះ ក៏ដូចជានៅក្នុងឧបទ្វីបអាស៊ីអាគ្នេយ៍ទាំងមូល។ ប៉ុន្តែមានវិធីអ្វី ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះឱ្យបាត់តែម្តង ហើយតើនរណាខ្លះជាតួអង្គសំខាន់ៗខ្លះ សម្រាប់ធ្វើឱ្យមានការផ្លាស់ប្តូរនេះ?

នៅក្នុងអត្ថបទនេះ Animal Rescue Cambodia នឹងឆ្លើយទៅនឹងសំណួរសំខាន់ៗទាក់ទងនឹងជំងឺឆ្កែឆ្កួត ហើយជាសំខាន់បំផុតនោះ តើអ្វីខ្លះ ដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនអ្នក និងសត្វសុនខចិញ្ចឹមរបស់អ្នក ដើម្បីការពារខ្លួនពីជំងឺបង្កដោយវីរុសនេះ។

  1. តើធ្វើដូចម្តេច ដើម្បីការពារពីជំងឺឆ្កែឆ្កួត?
  2. ជំងឺឆ្កែឆ្កួតនៅលើមនុស្ស
  3. ជំងឺឆ្កែឆ្កួតនៅលើសត្វសុនខ និងសត្វឆ្មា
  4. ការទំនាក់ទំនងជាមួយសត្វអនាថា/សត្វព្រៃ
  5. តើត្រូវធ្វើដូចម្តេច បន្ទាប់ពីត្រូវបានសុនខខាំ?
  6. តើមានអង្គការណាខ្លះ ដែលកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្កែឆ្កួត?
  7. របៀបដែលអ្នកអាចរួមចំណែកក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា

ដើម្បីកុំឱ្យមានការបង្អង់យូរ ខាងក្រោមនេះ គឺជាព័ត៌មានទាំងអស់ដែលអ្នកត្រូវការ។

1. តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីការពារខ្លួនអ្នកពីជំងឺឆ្កែឆ្កួត?

តាមពិតទៅ ការការពារពីជំងឺឆ្កែឆ្កួតគឺមានភាពងាយស្រួលនោះទេ។ ដោយសារតែជំងឺនេះ មានវ៉ាក់សាំងការពារសម្រាប់ទាំងមនុស្ស និងសត្វ។

បុគ្គលគ្រប់រូបអាចទៅទទួលវ៉ាក់សាំងការពារពីជំងឺឆ្កែឆ្កួត បានទាំងជាវិធានការបង្ការ និងជាការព្យាបាលបន្ទាន់ បន្ទាប់ពីមានការសង្ស័យថាបានឆ្លងមេរោគ ដែលគេហៅថា ការការពារក្រោយការប៉ះពាល់ (PEP)។

ប៉ុន្តែជាអកុសលចំពោះសុនខដែលបានឆ្លងនូវជំងឺឆ្កែឆ្កួតនេះ ទោះជាបានទទួលវ៉ាក់សាំងបន្ទាប់ពីឆ្លងមេរោគក៏ដោយ ក៏ពុំអាចការពារសុនខពីការបាត់បង់ជីវិតដោយសារជំងឺឆ្កែឆ្កួតនេះបានឡើយ។

2. ជំងឺឆ្កែឆ្កួត និងមនុស្ស

ប្រសិនបើអ្នករស់នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថាប័នថែទាំសុខភាពពិភពលោក បានធ្វើការណែនាំយ៉ាងមុឺងម៉ាត់ថា អ្នក និងគ្រួសារអ្នក (កុមារចាប់ពីអាយុ 2 ឆ្នាំឡើងទៅ) គួរតែទៅទទួលវ៉ាក់សាំងការពារខ្លួនពីជំងឺឆ្កែឆ្កួត។

ខណៈពេលដែលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្មា និងសត្វសុនខអាចការពារពួកគេពីជំងឺនេះបានយ៉ាងពេញលេញ ការចាក់វ៉ាក់សាំងការពារមុនការខាំចំពោះមនុស្សគ្រាន់តែបន្ថយល្បឿននៃការឆ្លងជំងឺឆ្កែឆ្កួតតែប៉ុណ្ណោះ ដូចនេះបុគ្គលដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងសត្វដែលសង្ស័យថាមានផ្ទុកនូវជំងឺនេះ ជាដាច់ខាតត្រូវតែទៅទទួលវ៉ាក់សាំងការពារក្រោយបានប៉ះពាល់សត្វ ឬសត្វខាំម្តងទៀត។

ដោយសារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ការទទួលបានសេវាព្យាបាលអាចមានការពិបាក ជាពិសេសនៅតាមតំបន់ជនបទ, លទ្ធភាពរបស់វ៉ាក់សាំងការពារមុនការខាំនៃការជួ យពន្យាពេលនៃការឆ្លងនូវជំងឺឆ្កែឆ្កួតនេះ អាចជួយសង្គ្រោះជីវិតរបស់មនុស្សបាន។

ដំណើរការនៃការមានភាពស៊ាំទៅនឹងជំងឺឆ្កែឆ្កួត

ភាពស៊ាំនឹងជំងឺឆ្កែឆ្កួត អាស្រ័យទៅលើការមានអង់ទីករគ្រប់គ្រាន់នៅក្នុងឈាមរបស់អ្នក ដូច្នេះរាងកាយរបស់អ្នកអាចកំណត់ស្គាល់នូវមេរោគបង្កជំងឺនោះ និងអាចប្រយុទ្ធប្រឆាំងនឹងវាបាន។ អង់ទីករទាំងនោះ គឺជាអង្គរក្សក្នុងខ្លួនដែលការពារអ្នក។ ដូចនេះ ប្រសិនបើអ្នកមិនមានអង់ទីករគ្រប់គ្រាន់ទេ ប្រព័ន្ធភាពស៊ាំរបស់អ្នកប្រហែលជាមិនអាចសម្លាប់មេរោគនេះបានទេ មុនពេលវាចាប់ផ្តើមបង្កើនចំនួនរបស់វាក្នុងរាងកាយរបស់អ្នក។

ការចាក់វ៉ាក់សាំងបង្ការមុនការប៉ះពាល់ ឬការខាំ គឺជាអ្នកការពារអ្នកដំបូងគេ ប៉ុន្តែយូរៗទៅ ពួកគេនឹងអស់សមត្ថភាពក្នុងការការពារអ្នក។ នេះមានន័យថា អ្នកនឹងមានចំនួននៃអ្នកការពារទាំងនោះកាន់តែតិចទៅៗ។ ដូច្នេះ ប្រសិនបើអ្នកបានឆ្លងមេរោគ ហើយមានអង់ទីករក្នុងរាងកាយអ្នកមានកម្រិតទាប រាងកាយរបស់អ្នកប្រហែលជាមិនអាចទប់ទល់នឹងការឆ្លងជំងឺឆ្កែឆ្កួតនេះបានទេ។

ដោយសារជំងឺឆ្កែឆ្កួតគឺអាចបណ្តាលឱ្យអ្នកស្លាប់ 100% ហើយមួយវិញទៀតដោយសារតែយើងមិនអាចដឹងទេនោះថា តើនៅពេលដែលអ្នកត្រូវបានសត្វដែលមាន ឬសង្ស័យថាមាននូវជំងឺឆ្កែឆ្កួតនេះខាំ តើក្នុងខ្លួនអ្នកមានអង់ទីករគ្រប់គ្រាន់ ឬអត់ក្នុងការការពារអ្នកពីការឆ្លង ដូចនេះទើបគ្រូពេទ្យត្រូវធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតរំលឹកភ្លាមៗ ដើម្បីប្រាកដថាវីរុស ដែលបង្កជំងឺនេះត្រូវបានសម្លាប់ មុនពេលវាទៅដល់ខួរក្បាលរបស់អ្នក។

អ្នក​ប្រហែល​ជា​អាចគិត​ថា​ នេះ​គឺ​ជា​ការ​ចាក់​ថ្នាំ​បង្ការ​ច្រើនលើសចំណុះ ហើយ​ប្រហែល​ជា​គិតថាវាមិន​ចាំ​បាច់នោះ​ទេ ប៉ុន្តែ​អ្នកមិនគួរប្រហែសនោះឡើយ ដោយ​សារតែជំងឺ​ឆ្កែឆ្កួតមានហានិភ័យដល់ជីវិត។

វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតមុនពេលប៉ះពាល់ ឬមុនសត្វខាំ

យោងតាមអង្គការសុខភាពពិភពលោក (WHO) (According to the WHO (World Health Organization) និងវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងភ្នំពេញ (Pasteur Institute in Phnom Penh) បុគ្គលដែលមិនធ្លាប់បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតពីមុនសោះ ត្រូវការវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះចំនួន 4-5 ដូស។ បន្ទាប់មក ការចាក់វ៉ាក់សាំងរំលឹកត្រូវបានណែនាំឱ្យទទួលរៀងរាល់ 3-10 ឆ្នាំម្តង អាស្រ័យលើកម្រិតវ៉ាក់សាំងពីមុនៗ និងហានិភ័យរបស់អ្នកទៅនឹងជំងឺឆ្កែឆ្កួត។

នៅរាជធានីភ្នំពេញ អ្នកអាចទទួលវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រក្នុងរាជធានីភ្នំពេញ (Pasteur Institute in Phnom Penh) (មហាវិថីព្រះមុនីវង្ស) និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ (National Institute for Public Health) (ទួលគោក) ក៏ដូចជានៅតាមគ្លីនិកឯកជនមួយចំនួនផងដែរ។

ជាក់ស្តែង វិទ្យាស្ថានប៉ាស្ទ័រធ្វើការចាក់វ៉ាក់សាំងការពារមនុស្សពីជំងឺឆ្កែឆ្កួតប្រហែល 21,000 នាក់ ជារៀងរាល់ឆ្នាំ។ តម្លៃសម្រាប់ការចាក់ទាំង 3 ដង (ថ្ងៃទី 0, ថ្ងៃទី 7, ថ្ងៃទី 21) បច្ចុប្បន្នគឺ 102 ដុល្លារ។

វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតក្រោយពេលប៉ះពាល់ ឬក្រោយសត្វខាំ

ប្រសិនបើអ្នកត្រូវបានសត្វខាំ ឬបានប៉ះពាល់ជាមួយសត្វ (សត្វខ្វាច ឬលិត) ដែលសង្ស័យថាមានផ្ទុកនូវជំងឺឆ្កែឆ្កួត អ្នកគួរតែទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ឬគ្លីនិកឱ្យបានភ្លាមៗ ទោះបីជាអ្នកបានចាក់វ៉ាក់សាំងការពារខ្លួនពីជំងឺឆ្កែឆ្កួតមុនប៉ះពាល់ជាមួយសត្វក៏ដោយ។ នៅរាជធានីភ្នំពេញ វិទ្យាស្ថានប៉ាស្ទ័រមានបទពិសោធន៍ជាមួយជំងឺឆ្កែឆ្កួត៖ ដែលមានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ឬផ្លូវលេខ 48 និងមានទូរស័ព្ទលេខ +855 12 812 003។

ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតមុនពេលប៉ះពាល់នោះទេ, ការចាក់ថ្នាំវ៉ាក់សាំងក្រោយការប៉ះពាល់ (PEP) នេះតម្រូវឱ្យចាក់ 4-5 ដង (ថ្ងៃ 0, ថ្ងៃទី 3, ថ្ងៃទី 7, ថ្ងៃទី 21) ហើយបច្ចុប្បន្នវ៉ាក់សាំងនេះមានតម្លៃ 34 ដុល្លារក្នុងការចាក់ម្តង។ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងការពារមុនការប៉ះពាល់ ការចាក់នេះនឹងអាស្រ័យទៅលើកាលបរិច្ឆេទ ដែលអ្នកបានទទួលវ៉ាក់សាំង ឬវ៉ាក់សាំងរំលឹក។

3. ជំងឺឆ្កែឆ្កួតនៅក្នុងសត្វសុនខ និងសត្វឆ្មា

ទំនួលខុសត្រូវជាម្ចាស់សត្វរួមមានការផ្តល់ទីជម្រក, ការផ្តល់អាហារ/ទឹក, ការមើលថែទាំសុខភាព, ការផ្តល់លំហាត់ប្រាណផ្លូវកាយ និងចិត្ត ក៏ដូចជាការផ្តល់នូវភាពស្និទ្ធស្នាលសម្រាប់សត្វចិញ្ចឹមរបស់អ្នក ពេញមួយខ្សែជីវិតរបស់ពួកគេ។

ចំពោះការថែទាំផ្នែកវេជ្ជសាស្រ្ត អ្នកត្រូវប្រាកដថាសត្វសុនខចិញ្ចឹមរបស់អ្នក បានទទួលនូវវ៉ាក់សាំងការពារពួកគេពីជំងឺឆ្កែឆ្កួតឱ្យបានពេញលេញ និងតាមការកំណត់។ ចំណុចនេះក៏សំខាន់ផងដែរ ក្នុងករណីដែលអ្នកមានគម្រោងក្នុងការយកសត្វចិញ្ចឹមរបស់អ្នកទៅក្រៅប្រទេស (relocate with your pet from Cambodia)!

សត្វរបស់អ្នកអាចទៅទទួលវ៉ាក់សាំងការពារពួកគេពីជំងឺឆ្កែឆ្កួតដំបូងចាប់ពីអាយុ 3 ខែឡើងទៅ។ បន្ទាប់ពីនោះ វ៉ាក់សាំងរំលឹកគួរតែត្រូវបានផ្តល់រៀងរាល់ 1-3 ឆ្នាំម្តង អាស្រ័យលើម៉ាករបស់វ៉ាក់សាំង។

លើសពីនេះទៅទៀត ការចាក់វ៉ាក់សាំងកូនសុនខអាចជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺឆ្កែឆ្កួត នៅក្នុងសហគមន៍ថែមទៀតផង។

ដូច្នេះការគ្រៀវ គឺជាវិធីមនុស្សធម៌មួយ ដែលអាចជួយក្នុងការគ្រប់គ្រងចំនួនសត្វច្រើនលើសលុបពេក ហើយការគ្រៀវក៏មានអត្ថប្រយោជន៍សុខភាពជាច្រើនសម្រាប់សត្វចិញ្ចឹមជាទីស្រលាញ់របស់អ្នកផងដែរ! ចំពោះតម្លៃនៃការគ្រៀវវិញ គឺអាចប្រែប្រួលអាស្រ័យលើប្រភេទ ឬពូជសត្វ និងទៅតាមគ្លីនិកពេទ្យសត្វនីមួយៗ។

ជាទូទៅតម្លៃនៃការគ្រៀវសត្វចិញ្ចឹមតាមគ្លីនិកឯកជន អាចប្រហែលពី 100-250 ដុល្លារ សម្រាប់សត្វមួយក្បាល។ អង្គការមួយចំនួនដូចជា Animal Rescue Cambodia ជាដើម អាចផ្តល់ជូនការបញ្ចុះតម្លៃ ឬឥតគិតថ្លៃ សម្រាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋក្នុងសហគមក្រីក្រ នៅពេលដែលមានជំនួយពីគម្រោង។

ទោះបីជាសត្វឆ្មាក៏អាចកើតជំងឺឆ្កែឆ្កួតក៏ដោយ ក៏វាកើតឡើងតិចជាងច្រើនបើប្រៀបធៀបទៅនឹងសត្វសុនខ។ នៅពេលដែលសត្វឆ្មាកើតជំងឺឆ្កែឆ្កួត វាជាធម្មតាជាប្រភេទជំងឺឆ្កែឆ្កួត ដែលធ្វើឱ្យសត្វឆ្មាមានស្មារតីស្ពឹកស្រពន់ និងមិនសូវជាខាំ ឬប្រែប្រួលអាកប្បកិរិយាទៅជាកាចសាហាវនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតសម្រាប់សត្វឆ្មានៅតែត្រូវបានណែនាំឱ្យធ្វើ ជាពិសេសប្រសិនបើអ្នករស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ដែលមានសត្វអនាថាច្រើន និងមិនសូវមានអនាម័យ និងសេវាវេជ្ជសាស្ត្រទូលំទូលាយ។

4. ទំនាក់ទំនងជាមួយសត្វអនាថា/សត្វព្រៃ

ខណៈពេលដែលការអាណិតអាសូរ សេចក្តីសប្បុរស និងការគិតដល់គ្នា គឺជាលក្ខណៈសម្បត្តិមួយដើម្បីបង្កើតបាននូវសង្គមដ៏រឹងមាំមួយ ការរក្សាសុវត្ថិភាពខ្លួនឯងខណៈពេលដែលជួយអ្នកដទៃក៏ជារឿងសំខាន់មួយដែរ។

វាពិតជារឿងដ៏ល្អណាស់ប្រសិនបើអ្នកចង់ជួយដល់សត្វឆ្មា ឬសុនខអនាថាដ៏គួរឱ្យអាណិត នៅពេលអ្នកបានប្រទះពួកគេ។ ប៉ុន្តែត្រូវចងចាំថា អ្នកត្រូវធ្វើវាប្រកបដោយសុវត្ថិភាព។

ក្នុងករណីដែលសត្វអនាថាមិនមានស្ថិតក្នុងគ្រោះថ្នាក់ ឬការឈឺចាប់ទេ អ្នកអាចពិចារណាទុកពួកគេនៅកន្លែងដើម។ ករណីនេះក៏ដូចគ្នាដែរចំពោះកូនឆ្មា ឬកូនសុនខដែលហាក់ដូចជាត្រូវគេបោះបង់ចោល ប៉ុន្តែមេរបស់​ពួកគេអាចនៅ​ក្បែរ​ៗនោះនោះទេ ហើយមេរបស់ពួកគេ​គ្រាន់​តែអាចចេញទៅ​រក​អាហារ ឬ​ការពារ​តំបន់ដែលពួកគេរស់នៅតែប៉ុណ្ណោះ។ សូមធ្វើការតាមដានមើលពីចម្ងាយឱ្យបានយូរ ដោយសារតែប្រសិនបើមេរបស់ពួកគេនៅក្បែរនោះ នាងប្រហែលជាខ្លាចមិនហ៊ានត្រឡប់ទៅរកកូនវិញទេ ប្រសិនបើអ្នកនៅជិតតំបន់របស់នាងពេក។

ក្នុងករណីដែលសត្វមើលទៅស្ថិតក្នុងគ្រោះថ្នាក់ ឬរងឈឺចាប់ សូមមេត្តាជួយពួកគេផង! សូមចងចាំថា សត្វអនាថាជារឿយៗខ្លាចមនុស្សណាស់ ដូច្នេះហើយពួកគេអាចបញ្ចេញអាកប្បកិរិយាកាចខ្លាំង ក្នុងការការពារខ្លួន។ ក្នុងការជួយពួកគេ សូមចូលទៅជិតសត្វនោះដោយប្រុងប្រយ័ត្ន ហើយប្រសិនជាអាចសូមរុំពួកគេក្នុងភួយ ហើយយកពួកគេទៅកាន់គ្លីនិកពេទ្យសត្វ។

5. តើអ្នកគួរធ្វើដូចម្តេច បន្ទាប់ពីត្រូវបានសុនខខាំ?

ប្រសិនបើអ្នកគិតថាសុនខមួយអាចប្រហែលជាមានជំងឺឆ្កែឆ្កួត សូមអនុវត្ត៖

  • បើ​អ្នក​គិត​ថា​សុនខមួយ ​អាច​មាន​ជំងឺ​ឆ្កែឆ្កួត សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​សុនខនោះ ហើយ​កុំ​ទៅ​ជិតជាដាច់ខាត!
  • ទូរស័ព្ទ/ផ្ញើសារទៅកាន់បណ្តាញបន្ទាន់របស់ IBCM +855 (0)10 804 176 (ភាសាអង់គ្លេស និងខ្មែរ) ហើយក្រុមការងារជំនាញរបស់ពួកយើងនឹងណែនាំអ្នក ពីកិច្ចការដែលអ្នកអាចធ្វើបន្ត!

រោគសញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​រួមមាន​៖ ហៀរ​ទឹកមាត់​ខ្លាំង ខាំ​អ្វីៗ​គ្រប់យ៉ាង និង​បញ្ចេញអាកប្បកិរិយាចម្លែកៗ​។

ប្រសិនបើអ្នកត្រូវបានសត្វខាំ ឬបានប៉ះពាល់ជាមួយសត្វ (សត្វខ្វាច ឬលិត) ដែលសង្ស័យថាមានផ្ទុកនូវជំងឺឆ្កែឆ្កួត អ្នកគួរតែទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិត ឬគ្លីនិកឱ្យបានភ្លាមៗ ទោះបីជាអ្នកបានចាក់វ៉ាក់សាំងការពារខ្លួនពីជំងឺឆ្កែឆ្កួតមុនប៉ះពាល់ជាមួយសត្វក៏ដោយ។ នៅរាជធានីភ្នំពេញ វិទ្យាស្ថានប៉ាស្ទ័រមានបទពិសោធន៍ជាមួយជំងឺឆ្កែឆ្កួត៖ ដែលមានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ឬផ្លូវលេខ 48 និងមានទូរស័ព្ទលេខ +855 12 812 003។

ប្រសិនបើអ្នកត្រូវបានសុនខដែលមិនបង្ហាញរោគសញ្ញានៃជំងឺឆ្កែឆ្កួតខាំ សូមទាក់ទងទៅកាន់ក្រុមការងារ ARC-IBCM ដើម្បីធ្វើការពិគ្រោះ ថាតើចាំបាច់ត្រូវចាក់វ៉ាក់សាំងភ្លាមៗ ដែរឬអត់៖ +855 (0)81 80 41 76 (ភាសាអង់គ្លេស និងខ្មែរ)

6. តើមានអង្គការណាខ្លះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួត?

ជំងឺឆ្កែឆ្កួត គឺជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែចំណេះដឹងនៃការកំណត់ភ្លាមនូវការឆ្លងជំងឺឆ្កែឆ្កួត ក៏ដូចជាការឆ្លើយតបទាន់ពេលវេលា នៅមានកម្រិតនៅឡើយ។ ដូច្នេះ​ ត្រូវទាមទារ​ឱ្យ​មានការចាត់​វិធានការជា​បន្ទាន់!

ជាសកល អង្គការសុខភាពពិភពលោក (World Health Organization) មានគោលបំណងក្នុងការបញ្ឈប់នៃការស្លាប់របស់មនុស្សដោយសារជំងឺឆ្កែឆ្កួតឱ្យនៅសូន្យ ត្រឹមឆ្នាំ 2030 នេះ។

នៅក្នុងតំបន់អាស៊ី សមាគមន៍អាស៊ាន Association of Southeast Asian Nations (ASEAN)

កំពុងតែខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ហើយកម្ពុជាក៏មានគោលបំណងក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតទាំងស្រុងនៅឆ្នាំ 2030 ផងដែរ។ កិច្ចការនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការលុបបំបាត់ជំងឺដ៏កាចសាហាវនេះពីពិភពលោកទាំងស្រុង ដោយសារតែ 95% នៃការស្លាប់ដោយសារជំងឺឆ្កែឆ្កួតនៅទូទាំងពិភពលោកកើតឡើងនៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។

យុទ្ធសាស្ត្ររបស់អាស៊ានក្នុងការសម្រេចបាននូវគោលបំណងនេះរួមមាន៖ បេសកកម្មចាក់ថ្នាំវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំសម្រាប់សុនខអនាថា (គ្របដណ្តប់យ៉ាងហោចណាស់ 70% នៃចំនួនសត្វសុនខទាំងអស់), កម្មវិធីក្នុងការគ្រប់គ្រងចំនួនសត្វសុនខប្រកបដោយមនុស្សធម៌ ក៏ដូចជាការលើកកម្ពស់ភាពជាម្ចាស់សត្វចិញ្ចឹមដែលមានការទទួលខុសត្រូវ (ដែលរួមបញ្ចូលការចាក់វ៉ាក់សាំងផងដែរ)។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវបន្ថែម ក៏ដូចជាការយល់ដឹង និងការផ្លាស់ប្តូរអាកប្បកិរិយារបស់សាធារណជនទូទៅ រួមជាមួយនឹងការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតសម្រាប់មនុស្ស (ដែលរួមបញ្ចូលការទទួលបាននូវឱសថដែលមានគុណភាព) ជាចំណុចដ៏សំខាន់ ដែលអាចជួយសម្រេចគោលបំណងក្នុងការសង្គ្រោះជីវិតមនុស្ស និងលុបបំបាត់ជំងឺឆ្កែឆ្កួតនៅទ្វីបអាស៊ី!

នៅប្រទេសកម្ពុជា អង្គការសង្គ្រោះសត្វ (Animal Rescue Cambodia) កំពុងសហការជាមួយ Mission Rabies, Phnom Penh Animal Welfare Society (PPAWS), អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ (GDAHP) នៃក្រសួងកសិកម្ម (General Directorate of Animal Health and Production (GDAHP) of the Ministry of Agriculture), ក្រសួងអប់រំ (Ministry of Education) និងដៃគូសហការផ្សេងៗទៀត ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួត។

ក្នុងរយៈពេល 6 ឆ្នាំចុងក្រោយនេះ ARC បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត/ជំងឺទូទៅសត្វប្រមាណ 15,300 ដូស ដល់សត្វឆ្មា និងសត្វសុនខអនាថា ឬនៅក្នុងសហគមក្រីក្រក្នុងប្រទេសកម្ពុជា។

7. របៀបដែលអ្នកអាចរួមចំណែកក្នុងកា រលុបបំបាត់ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា

មានវិធានការងាយយល់ចំនួន 7 ដែលអ្នកអាចអនុវត្តបាន ដើម្បីការពារអ្នក គ្រួសារអ្នក និងសត្វចិញ្ចឹមរបស់អ្នកពីជំងឺឆ្កែឆ្កួត ក៏ដូចជាចូលរួមចំណែកក្នុងលុបបំបាត់ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជាផងដែរ។

  1. សូមទៅទទួលថ្នាំវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក
  2. ធ្វើការផ្តល់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សុនខចិញ្ចឹមរបស់អ្នក
  3. ធ្វើការគ្រៀវសត្វចិញ្ចឹមរបស់អ្នក
  4. សូមមានការប្រុងប្រយ័ត្ន នៅពេលប៉ះពាល់ជាមួយសត្វអនាថា
  5. រក្សាសត្វព្រៃនៅក្នុងព្រៃ – ឥន្ទ្រី ខ្លាឃ្មុំ ខ្លា និងសត្វព្រៃផ្សេងៗទៀត មិនមែនជាសត្វចិញ្ចឹម ឬជាអាហារទេ
  6. ធ្វើការចែករំលែកព័ត៌មាននេះជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងបណ្តាញសង្គមរបស់អ្នក
  7. សូមធ្វើការគាំទ្រអង្គការសុខុមាលភាពសត្វក្នុងប្រទេសរបស់អ្នក

ជំហាន​បន្ទាប់

តើអ្នកមានមតិយោបល់ ឬសំណួរដែរឬទេ?

អ្នកជំនាញសុខុមាលភាពសត្វរបស់ ARC រីករាយក្នុងការពិភាក្សាបន្ថែមអំពីជំងឺឆ្កែឆ្កួត និងប្រធានបទសុខុមាលភាពសត្វផ្សេងទៀតជាមួយអ្នក!